នាល្ងាចថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម និងមានការយាងអញ្ជើញចូលរួមពីសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា វីរកងទ័ពឈរជើងនៅកងពលតូចលេខ៩ ក្នុងវីរសេនាតូចកងពលលេខ៣៩៤ ឈរជើងប្រចាំនៅទិសមុំបី ខេត្តព្រះវិហារ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ៥២ឆ្នាំ។
ក្នុងនាមគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកជំទាវសូមសម្តែងនូវសេចក្តីសោកស្តាយ ក្ដុកក្ដួលឥតឧបមា ដោយបានទទួលដំណឹងថា លោកវរៈសេនីយ៍ត្រី ហែន ភីណា ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដី នៅសមរភូមិមុខ ខេត្តព្រះវិហារ។ មរណភាពលោកវរៈសេនីយ៍ត្រី ហែន ភីណា គឺជាការបាត់បង់ស្វាមី កូនប្រុសបង្កើត ឪពុកបង្កើត បងប្រុស ប្អូនប្រុសជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណី ចំពោះក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ។
លោកវរៈសេនីយ៍ត្រី គឺជាយោធិនស្នេហាជាតិដ៏បរិសុទ្ធ បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកវរៈសេនីយ៍ត្រី បានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី ហែន ភីណា បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សពរបស់លោកវរៈសេនីយ៍ត្រី តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះសាសនា នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន